ប្រាសាទ​បី

ប្រាសាទ​បី

ប្រាសាទ​បី កសាងឡើង​នៅ​សតវត្សរ៍​ទី​១០ ដោយ​ព្រះមហា​ក្សត្រ ព្រះ​បាទ យ​សោ​វរ្ម័នទី​១ តាម​រចនាប័ទ្ម បាខែង។

ប្រាសាទនេះជា​ជួរ​ប៉ម​ប្រាសាទ​កសាង​ពី​ឥដ្ឋ​ចំនួន​បី ​ដែល​នៅ​ចន្លោះ​ប្រាសាទ​បក្សី​ចាំក្រុង និង​គូ​ទឹក​អង្គរធំ​នៅ​ជិត​ក្លោង​ទ្វារ​ធំ​ខាង​ត្បូង។ ប្រាសាទ​កណ្ដាល​មាន​កម្ពស់​១០​ម៉ែត្រ តែ​ការ​កសាង​មិន​បាន​បញ្ចប់​ឡើយ។ មាន​ចម្លាក់​លើ​ធ្នឹម​មួយ​ចំនួន​នៅ​សេស​សល់​នៅ​ឡើយ។ ប្រាសាទ​បី​មាន​ន័យ​ថា ប៉ម​ប្រាសាទ​ចំនួន​បី និង​មាន​ទេសភាព​ស្រស់ស្អាត​បំផុត​នៅ​ពល​ព្រឹក៕ ប្រភព​ពី​គេហ​ទំព័រ​ក្រសួង​ទេស​ចរណ៍
prasat_bei

Read More

ការ​ស្នាក់​នៅ​តាម​ផ្ទះ​ក្នុង​ស្រុក​បារាយណ៍​

ការ​ស្នាក់​នៅ​តាម​ផ្ទះ​ក្នុង​ស្រុក​បារាយណ៍​

ក្នុង​ខេត្ត​កំពង់ធំ ភ្ញៀវ​ទេសចរ​អាច​រីក​រាយ​នឹង​រសជាតិ​ពិត​នៃ​ជីវិត​ក្នុង​ជន​បទ​ប្រទេស​កម្ពុជា។ បទ​ពិសោធ​ទេស​ចរណ៍​ស្នាក់​នៅ​តាម​ផ្ទះ​ក្នុង​ភូមិ​ជា​កម្មវិធី​សហគមន៍​តែមួយគត់​ដែល​បង្ហាញ​ចំណុច​ពិសេស​ៗ​​នៃ​ជីវិត​តាម​ភូមិ​ស្រុក​ក្នុង​ទឹកដី​ប្រទេស​កម្ពុជា។
ភ្ញៀវ​ទេសចរ​អាច​នឹង​ទស្សនា​ជនជាតិ​ភាគតិច ជិះ​រទេះគោ មើល​កសិករ​ឡើង​ត្នោត​ជាមួយ​នឹង​ល្បឿន និង​ភាព​រហ័ស​រហួន រៀន​ពី​ការ​ត្បាញ​សូត្រ និង​រីក​រាយ​ជា​មួយ​ការ​សម្ដែង​រាំ​បែប​ប្រពៃណី។ ប្រភព​ពី​គេហ​ទំព័រ​ក្រសួង​ទេស​ចរណ៍

home_stay

Read More

ប្រាសាទ​យាយពៅ

ប្រាសាទ​យាយពៅ

ប្រាសាទ​យាយ​ពៅ មាន​ទីតាំង​ស្ថិត​នៅក្នុង​បរិវេណ​វត្ត​ទន្លេបាទី ចំពី​ក្រោយ​ព្រះវិហារ និង​មាន​ចម្ងាយ​១០០ម​ពីប្រាសាទ​តាព្រហ្ម។ ប្រាសាទនេះ​មាន​រាង​ជា​ការេ​បួន​ជ្រុង ៧មx៧ម បែរ​មុខ​ទៅ​ទិស​ខាង​កើត​ ហើយ​ប្រាសាទ​កសាង​អំពី​ថ្មភក់​ក្នុង​សតវត្ស​ទី១២​ផង​ដែរ។ ក្រៅពី​ប្រាសាទ​បុរាណ​នេះ គឺនៅ​មាន​វត្ត​ព្រះពុទ្ធ​សាសនា​មួយ​កសាង​ក្នុង​ឆ្នាំ​១៥៧៦ ដែល​គេតែង​បាន​ស្គាល់​ថា វត្ត​ទន្លេ​បាទី គឺជា​កន្លែង​សក្ការៈ​របស់​ពុទ្ធសាស​និកជន​ខ្មែរ​រហូត​ដល់​បច្ចុប្បន្ន​នេះ។

លើសពី​នេះទៅ​ទៀត គេ​សង្កេត​ឃើញ​ដំណាក់​ចាស់​ដែល​នៅ​ជាប់​មាត់​ទន្លេ​បាទី ដែល​មាន​ចម្ងាយ ២០០ម​ពី​ប្រាសាទ ហើយ​បច្ចុប្បន្ននេះ​ជា​កន្លែង​ស្នាក់​របស់​ក្រុម​ហ៊ុនBati Tourism Office ដែល​ទទួល​ខុសត្រូវ​ក្នុង​តំបន់​រមណីយដ្ឋាន​នេះ មាន​ផ្ទៃដី៩.៣ហិកតា។

ទីនេះ​ក៏មាន​បឹង​ធម្មជាតិ​បណ្តោយ ៧០០០ម ទទឹង ១០០០ម ទៅ​១៥០០ម នៅ​រដូវវស្សា​មាន​កម្ពស់​ទឹក​ពី​៣ម ទៅ​៤ម​និង​នៅ​រដូវ​ប្រាំង​ពី ១ម ទៅ ២.៥ម ផង​ដែរ។ ប្រភព​ពី​ប្លុក​ phkhmer
Yay Pao 5

Read More

ប្រាសាទ​ភិមាន​អាកាស

ប្រាសាទ​ភិមាន​អាកាស

ប្រាសាទ​ភិមាន​អាកាស កសាងឡើង​នៅ​ចុង​សតវត្សរ៍​ទី​១០-​ដើម​សតវត្សរ៍​ទី​១១ ដោយ​ព្រះមហា​ក្សត្រ ព្រះ​បាទ​ជ័យវរ្ម័ន​ទី​៥ តាម​រចនាប័ទ្ម ឃ្លាំង។

ប្រាសាទនេះ ជា​ប្រាសាទ​កសាង​ពី​ថ្មបាយ​ក្រៀម និង​ថ្មភក់​គួរ​អោយ​ចាប់​អារម្មណ៍។ កង្វះ​ចម្លាក់​ដែល​នោះ​សេស​សល់​ពិត​ជា​មិន​គួរ​អោយ​ចាប់​អារម្មណ៍​ផ្នែក​សិល្បៈ​ឡើយ។ ប៉ុន្តែ​ប្រាសាទ​ដែល​ខ្នាត​កម្ពស់​ខ្ពស់​ជាង​គេ​ក្នុង​បរិវេណ​អង្គរធំ ផ្ដល់​ជូន​នូវ​ទេស​ភាព​ដ៏​ស្រស់​ស្អាត​បើ​មើល​ពី​លើ​កំពូល។
phimeanakas
ជណ្ដើរ​ខាង​លិច (ខាង​ក្រោយ) ជា​ជណ្ដើរ​ងាយ​ស្រួល​ចុះ​ជាង​គេ។ ស្ថិត​នៅ​ក្នុង​បរិវេណ​ព្រះរាជ​វាំង​បុរាណ ប្រាសាទ​ភិមាន​អាកាស​បាន​ប្រើ​ប្រាស់​ជា​ប្រាសាទ​របស់​ព្រះ​មហាក្សត្រ។ តាម​រយៈ​រឿង​ព្រេង ​គឺ​ថា​មាន​ប៉ម​មាស​បាន​អភិសេក​ប្រាសាទ និង​មាន​សត្វ​នា​គ​រស់​នៅ ដែល​អាច​ប្រែ​កាឡា​ខ្លួន​ជា​ស្ត្រី​ម្នាក់។ ព្រះ​មហាក្សត្រ​អង្គរ​ត្រូវ​តែ​ទៅ​រួម​មេត្រី​ជា​មួយ​នាគ​នោះ​ជា​រៀង​រាល់​យប់ ខ្លាច​ក្រែង​មាន​គ្រោះ​អាក្រក់​កើត​មាន​លើ​ទ្រង់ ​ឬ​អាណា​ចក្រ​ទាំង​មូល៕ ប្រភព​ពី​គេហ​ទំព័រ​ក្រសួង​ទេស​ចរណ៍

Read More

ប្រាសាទស្រី

ប្រាសាទស្រី

ប្រាសាទស្រី មានទី​តាំង​ស្ថិត​នៅ​ភូមិប្រាសាទ ឃុំដារ ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង មាន​ចំងាយ​ប្រហែល ១៥ គ.ម ពីដរ​កំពង់​លែង។ ប្រាសាទនេះ​កសាង​ឡើង​នៅ​លើ​ខឿន​ខ្ពស់​ពីដី​បែរ​មុខ​ទៅ​ទិស​ខាង​កើត មាន​ជណ្តើរ​ឡើង​ធ្វើពី​ថ្មភក់ មាន​បណ្តោយ​ប្រវែង​១០ម៉ែត្រ ទទឹង​៨ម៉ែត្រ និង​កម្ពស់​ ប្រហែល​១៥​ម៉ែត្រ។
ប្រាសាទនេះ​មាន​ទ្វារ​ចូល​មួយ និង​ទ្វារ​បញ្ជោត​ចំនួន​បី រីឯ​ចម្លាក់​ផ្តែរប្រាសាទ និង​សរសរ​ពេជ្រ ដែល​ធ្វើពី​ថ្មភក់​ត្រូវ​បាន​ខូច​ខាត​ស្ទើរ​អស់​ទៅ​ហើយ តែ​ចម្លាក់​ដែល​ឆ្លាក់​នៅ​លើ ឥដ្ឋ​ក្រហម គឺនៅ​មាន​ភាព​ល្អ​ច្រើន ហើយ​តួប្រាសាទ​ទាំង​មូល​នៅ​មាន​លក្ខណៈ​រឹងមាំ​នៅ​ឡើយ។ តាម​ការ​តុប​តែង​លម្អ​នៅលើ​តួ​ប្រាសាទ ផ្តែរ សរសរ​ពេជ្រ និង​ហោជាង យើង​អាច​សន្និដ្ឋាន​ថា ប្រាសាទ​ស្រី ស្ថិត​នៅក្នុង​រចនា​បទ​ប្រាសាទ​កំពង់ព្រះ ប្រហែល​ជា​កសាង​ក្នុង​សតវត្សទី៨ ដូច​ប្រាសាទ​កំពង់​ព្រះដែរ។
Temple Srey
រឿង​ព្រេង​ទាក់​ទង​នឹង​ប្រាសាទ​ស្រី មាន​ដូច​តទៅ៖ នៅក្នុង​នគរ​មួយមាន​បុរស​ម្នាក់​ឈ្មោះ ចៅ ក្រពុំ ហើយ​ប្រពន្ធ​របស់​គាត់​ឈ្មោះ​នាងស ឬនាង​អាយុទ្ធា ពួកគាត់​មាន​មហិទ្ធិរិទ្ធ​ខ្លាំង​ពូកែ​ណាស់។ នៅ​ពេល​លឺ​ដំណឹង​ដល់​ស្តេច ស្តេច​ក៏ជ្រើស​រើស ពួកគាត់​ឲ្យទៅ​ការ​ពារ​ព្រះអង្គ។ ក្រោយ​មក​ទៀត​ដោយ​សារ​មាន​ដំណឹង​ថា នៅប្រាសាទ​ប្រុស​ក្បែរ ទីទួល​ប្រាសាទ​ស្រី​មាន​សត្វ​កង្កែប​មួយ​ក្បាល​ដែល​គេ​ចាត់​ទុក​ជា​សត្វ​កង្កែប​មួយ​ក្បាល​ជា​សត្វ​ចង្រៃ ពីព្រោះ​នៅពេល​វាស្រែក​បែរ​ក្បាល​ទៅ​ទិស​ណា ខាង​នោះ​នឹង​មាន​គ្រោះ​អាសន្ន ឬធ្វើឲ្យ​អ្នក​ស្រុក​មាន​ជំងឺ​តម្កាត់​ផ្សេងៗ។ ពេល​នោះ​ស្តេច​ក៏បញ្ជា​ឲ្យប្តី​ប្រពន្ធ​ដែល​ចេះ​មន្ត​អាគម​ខ្លាំង​ពូកែ​នោះ ទៅ​សម្លាប់​សត្វ​កង្កែប​នោះ មិន​តែ​ប៉ុណ្ណោះ​ព្រះអង្គ​ក៏បាន​ផ្តល់​ពល​ទាហាន​ចំនួន​១០០០០​នាក់​ថែម​ទៀត ទៅជា​មួយ​ប្តី ប្រពន្ធ ដែល​ខ្លាំង​ពូកែ​នោះ ប៉ុន្តែ​សម្លាប់​សត្វ​កង្កែប​នោះមិន​បាន​ទេ គ្រាន់តែ​ប្តី​ប្រពន្ធ ព្រមទាំង​ទាហាន លឺ​សម្លេង​សត្វកង្កែប​នោះ​ស្រែក ពួកគេ​មិន​ហ៊ាន​ធ្វើអ្វី​កង្កែប​នោះ​ឡើយ។ ចំណែក​ស្តេចក៏​ដាក់​បទ​បញ្ជា យ៉ាង​មឺង​ម៉ាត់​ឲ្យប្តី និង​ប្រពន្ធ​នោះ​សម្លាប់​សត្វកង្កែប​នោះឲ្យ​បាន​ក្នុង​រយៈពេល​មួយ​ឆ្នាំ ធ្វើយ៉ាង​ម៉េច ត្រូវ​តែ​សម្លាប់​កង្កែប​នោះ​ឲ្យ​បាន បើពុំដូច​នោះទេ​ប្តីប្រពន្ធ​ទាំង​ពីរ​នោះនឹង​ត្រូវ​ស្លាប់។
Temple Srey 4
បន្ទាប់​មក​ទៀត ប្តី និង​ប្រពន្ធ​ទាំង​ពីរ​នោះ​ក៏ទៅ​រៀនមន្ត​វិជ្ជា​ការ​ពីគ្រូ​នៅ​ភ្នំគូលែន ដោយ​វិជ្ជា​ឈ្មោះ​ថា មេការ​ឆយ។ វិជ្ជា​នេះ មាន​ប្រសិទ្ធិភាព​បាន​រយៈពេល​តែមួយ​ឆ្នាំ​ប៉ុណ្ណោះ ក្នុង​មួយ​ឆ្នាំ​មាន​តែ​មួយ​ថ្ងៃ​គត់ គឺនៅ​ថ្ងៃពេញ​បូណ៌មី ខែកត្តិក ទើប​អាច​សម្លាប់​សត្វ​កង្កែប​នោះ​បាន ដោយ​ឲ្យសត្វ​កង្កែប​នោះ​ស៊ី​បារត​វេទ​មន្ត ពេល​ដែល​វា បាន​ស៊ីបារត​នោះ​ហើយ សត្វ​កង្កែប​នោះ​ក៏អស់ ឬទ្ធិខ្លាំង​ពូកែ ដូច្នេះ​ទើប​គេអាច​សម្លាប់​វា​បាន។ មុន​ពេល​ប្តី និង​ប្រពន្ធ​មាន​មន្តវិជ្ជា​ការ​ខ្លាំង​ពូកែ ទាំងពីរ​នាក់​នោះ​មិន​ទាន់​សម្លាប់​សត្វកង្កែប​បាន ស្តេច​ក៏​បាន​សន្យា​ជាមួយ​ពួកគាត់​ថា ប្រសិន​បើប្តី​ប្រពន្ធ​នេះ​សម្លាប់​សត្វ​កង្កែប​នោះ​បាន​ហើយ ព្រះអង្គ នឹងចាត់​ឲ្យ​គេ​កសាង​ប្រាសាទ​ឲ្យ និង​ផ្តល់​ជាប្រាក់​កាស​មួយ​ចំនួន​ឲ្យប្តី​ប្រពន្ធ​នោះ។ ដល់​ពេលប្តី​ប្រពន្ធ នោះសម្លាប់​សត្វកង្កែប​នោះ​បាន​ហើយ ស្តេច​អង្គនោះ​ក៏បាន​ធ្វើតាម​សន្យា ឲ្យ​កសាង​ប្រាសាទ​ប្រុស និង​ប្រាសាទ​ស្រី​នេះ​ឯង។ ប្រភពពី​ប្លុក phkhmer

Read More

ប្រាសាទ​នគរ​បាជ័យ

ប្រាសាទ​នគរ​បាជ័យ

ប្រាសាទ​នគរបាជ័យ គឺជា​ប្រភេទ​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិ​សាស្រ្ត ដែល​ស្ថិត​នៅ​ចម្ងាយ​២.២គ.ម ពីទីរួម​ខេត្ត​កំពង់ចាម តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ៧។ ពីភ្នំពេញ​ទៅ​រមណីយដ្ឋាន​នេះ​មាន​ចម្ងាយ ១២២ គ.ម ហើយ​បត់ឆ្វេង​ដៃ​២០០​ម​ទៀត។ រថយន្តគ្រប់​ប្រភេទ​អាចចូល​ទៅដល់​ទីតាំង​ប្រាសាទ​តែ ម្តង។
ប្រាសាទ​នេះ​ចែក​ចេញ​ជា៖
ទន្លេអុំៈ ទន្លេអុំស្ថិត​នៅ​ខាង​កើត​នៃ​ប្រាសាទ​មាន​ទំហំ ៤០០មx៥០០ម ដែល​មាន​ចម្ងាយ ប្រមាណ​៣០០ម​ពី​ប្រាសាទ។
ថែវទីមួយៈ ថែវទីមួយ​មាន​ទំហំ​៤២១មx៣៧១ម ដែលរៀបចំ​និង​កសាង​ឡើង​ពី​ថ្មបាយ​ក្រៀម មាន​កំពស់​២,៩ម និង​កម្រាស់២,៤ម។ ទទឹង​ច្រកចូល​មាន​ប្រវែង​២ម ប៉ុន្តែ​បច្ចុប្បន្ន​ថែវ​នេះ​បាក់​បែក អស់​មួយ​ចំនួន​ធំហើយ។ នៅក្នុង​បរិវេណ​នៃថែវ​ទីមួយ​មាន​តោ​ចំនួន៦ ស្ថិត​នៅ​មាត់​​ច្រក​ចូល នៅ​ថែវ ទីពីរ​មាន​នាគ៨ ដែលស្ថិត​នៅពី​ក្រោយតោ​ទាំង៦ និងមាន​អសុរា២ ឈរ​នៅ​អម​ច្រក​ចូល​សង​ខាង។
ថែវទីពីរៈ ថែវទីពីរ​រួមមាន រូប​សំណាក់​តេជោ​ដំឌិន​ចំនួន២ រូប​អសុរា​ចំនួន២ ដែល​មាន​កំពស់ ១,៦០ម និង​មាន​ស្រះ​ទឹកពីរ ដែល​មាន​ទំហំ​២០មx២០ម ទឹក​ស្រះ​ទាំងពីរ​នេះ​មិន​រីង​ទេ នៅ​រដូវ​ប្រាំង ព្រមទាំង​មាន​ដើម​ឈូក​ដុះ​អម​ផង។
Norkorbachoy 9
ថែវទីបីៈ ថែវទីបី​កម្រាស់​ក្រាស់​ជាង​ថែវទី១ និង​ទី២ ហើយ​ថែវទី៣​នេះ​មាន​ច្រក​ចេញ​ចូល នៅចំ​កណ្តាល​ទាំង​៤ទិស។ នៅ​ក្នុង​ថែវទី៣ រួម​មាន​នៅ​ចំពី​មុខ​ច្រកចូល មាន​រូបព្រះ​នរាយណ៍​ដៃ៨ និង នៅ​ផ្នែក​ខាង​ឆ្វេង​ដៃមាន​រូប​ព្រះនរាយណ៍​ដៃ៤។
ថែវទីបួនៈ នៅថែវទីបួន​នេះ​រៀបចំ​ដោយ​ថ្មបាយ​ក្រៀម​រៀបចំ​ដាច់ៗ​ពីគ្នា​ជា​បន្ទប់ៗ ហើយថែវ ទីបួន​នេះ​មាន​លក្ខណៈ​ខុស​ប្លែក​ពីថែវទី១ ទី២ និងទី៣ ព្រោះគេ​សង្កេត​ឃើញា​មាន​ប្រាសាទ ទម្រង់ ជា​ចេតិយ​មួយ មាន​កំពូល​ខ្ពស់​នៅ​ចំកណ្តាល​បែរមុខ​ទៅ​បួន​ទិស ហើយ​សាង​សង់​អំពី​ថ្មភក់ ដែល​មាន ព្រះពុទ្ធ​រូប​គង់​ព្រះភ្នែន​បែរ​ចេញ​ទៅរក​ទិស​ទាំង​បួន​ផង​ដែរ​គឺ កើត លិច ជើង ត្បូង។ នៅ​ខាង​ក្នុង ប្រាសាទ​ចេតិយ​នេះគេ​ក៏សង្កេត​ឃើញ​ស្តូប​តូច​មួយ​ដែល​ទំនង​សម្រាប់​តម្កល់​នូវ​អដិ្ឋធាតុ​បុគ្គល​ណា ម្នាក់​នៅ​ក្នុង​នោះ។
Norkorbachoy 10
ប្រាសាទ​នេះ​ស្ថាបនា​ដោយ​ព្រះ​មហាវីរ​ក្សត​ជ័យ​វរ្ម័នទី៧ ​ នា​សតវត្សទី​១៣ តាម​លំ​នាំ​រចនាបថ​​បាយ័ន។ នៅ​ក្នុង​បរិវេណ​ប្រាសាទ​ មាន​សសរ​ពេជ្រ​ខ្ពស់ៗ ឈរ​​ទប់​ទ្រ​ផ្ដែរ​​ប្រាសាទ​យ៉ាង​​រឹង​មាំ​ រីឯ​ទ្វារ​ទាំង​បួន​ទិស​របស់​ប្រាសាទ​ដែល​អម​ដោយ​ជញ្ជាំង​ទាំង​ឡាយ​ក៏​នៅ​រឹង ​មាំ​ល្អ​គ្មាន​ការ​រង្គោះ​រង្គើ​ឡើយ។ ទស្សន​វិស័យ​ដើម​នៃ​សំណង់​ប្រាសាទ​នេះ​​ គឺ​ឧទ្ទិស​ដល់​ព្រះ​ពុទ្ធ​សាសនា និង​ព្រហ្មញ្ញ​សាសនា រហូត​មក​ដល់​បច្ចុប្បន្ន​ស្ថាន​ភាព​ប្រាសាទ​នេះ ​គឺ​នៅ​រឹងមាំ​ល្អ​ណាស់​​សម្រាប់​ការ​ទស្សនា​កម្សាន្ត ​ហើយ​ក៏​បន្សល់​ទុក​នូវ​ផ្ទាំង​សិលា​ចារិក​ ក៏​ដូច​ជា​ចម្លាក់​នានា​ស្ថិត​នៅ​ក្នុង​លំនាំដើម​ទាំងអស់។ ចំណែក​សំណង់​ព្រះវិហារ​ព្រះពុទ្ធសាសនា​ ដែល​ស្ថាបនា​ក្រោយ​សម័យ​អង្គរ​នោះ​ក៏​ស្ថិត​នៅ​ល្អ​តាម​លំនាំ​ស្ថាបត្យ​កម្ម​ដើម​ផង​ដែរ។ ប្រភពពី​ប្លក់ phkhmer

Read More